កូវីដ-១៩ ! កម្ពុជា អរគុណចិន ដែលបានបោះដៃជួយដល់ប្រទេសជាច្រើន តាមរយៈការបញ្ជូន គ្រូពេទ្យ
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានអរគុណចិនដែលបានបោះដៃជួយដល់ប្រទេសជាច្រើន នៅលើលោក តាមការ បញ្ជូនគ្រូពេទ្យ សម្ភារពេទ្យ និងថ្នាំ ដែលនេះជាការបង្ហាញពីសាមគ្គីភាព និងការទទួលខុស ត្រូវជាអន្តរជាតិពិតៗ។យោងតាមសេចក្តីជូនព័ត៌មាន ក្រសួងការបរទេសខ្មែរ។
ក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ លោក ប្រាក់ សុខុន កោតសរសើរ ជោគជ័យដែលប្រទេសចិនសំរេចបាន ក្នុងការទប់ស្កាត់ជំងឺ COVID-19 តាមរយៈការធ្វើពលិកម្មខ្លួនឯងដ៏ធំធេង និងការរួមកំលាំងជាធ្លុងមួយរបស់បក្ស រដ្ឋាភិបាល និងប្រជាជនចិនទាំងមូល ក្នុងការទប់ស្កាត់ការរីករាលដាល និងការព្យាបាលអ្នកជម្ងឺ។
លោក មានប្រសាសន៍ថា «សរសើរនិងអរគុណចិន ដែលបានបោះដៃជួយដល់ប្រទេស ជាច្រើន នៅលើលោកតាមការបញ្ជូនគ្រូពេទ្យ សម្ភារពេទ្យ និងថ្នាំ ចែករំលែកមេរៀន បទ ពិសោធន៍ ដែលនេះជាការបង្ហាញពីសាមគ្គីភាព និងការទទួលខុសត្រូវជាអន្តរជាតិពិតៗ»។
បន្ថែមពីនេះ លោកអរគុណចិនដែលបានបញ្ជូនគ្រូពេទ្យ និងសម្ភារពេទ្យទាំងពីខាងស៊ីវិល និងយោធា ជួយផ្គត់ផ្គង់វត្ថុធាតុដើម ដើម្បីឱ្យរោងចក្រនៅកម្ពុជាបន្តដំណើរការ ជួយយកចិត្តទុកដាក់ចំពោះពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសចិន ក៏ដូចជាជួយផ្តល់បទពិសោធន៍ដល់កងកំលាំងមួកខៀវកម្ពុជានៅលីបង់ និងនៅម៉ាលី។
ចំណែក លោក វ៉ាង យី បានរំលឹកពីកិច្ចប្រឹងប្រែងរបស់ប្រទេសចិនទាំងមូលក្នុងការជំនះវិបត្តិ គ្រប់គ្រងវិបត្តិ តាមរយៈវិធានការដ៏តឹងរឹងនានា និងគូសបញ្ជាក់ពីតម្រូវការក្នុងការ រក្សាការប្រុងប្រយ័ត្នតទៅទៀត។
លោកលើកឡើង អំពីស្មារតីជួយគ្នាទៅវិញទៅមករវាងចិន និងកម្ពុជា ដោយរំលឹកពីព្រះរាជកិច្ចគាំទ្ររបស់ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ ក៏ដូចជាការគាំទ្រដ៏ពេញទំហឹងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈការបំពេញទស្សនកិច្ចការងារនៅទីក្រុងប៉េកាំងនៅពេលប្រទេស ចិនជួបការលំបាកខ្លាំងបំផុត។
លោកបានអរគុណកម្ពុជា ដែលបានប្រឆាំងនឹងការធ្វើនយោបាយ តូបនីយកម្ម និងល្បែងទំលាក់កំហុសក្នុងពេលដែលយើងត្រូវរួមគ្នាដើម្បីប្រឈមនឹងការគំរាមកំហែងរួមចំពោះមនុស្សជាតិ។លោក បានចាត់ទុកការដែលកម្ពុជាគាំទ្រ កិច្ចប្រឹប្រែងរបស់អង្គការ សុខភាពពិភពលោក (WHO) គឺជាជំហរមួយដ៏ត្រឹមត្រូវ៕ E B